ព័ត៌មានជាតិ

ក្នុងដំណើរ​បេសកកម្មរយ:ពេ​ល៥ថ្ងៃរបស់ឯកឧត្តមវេ​ងសាខុន

តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ដើម្បីអញ្ជើញទៅចូលរួមវេទិការជាតិអេកូទេសចរណ៍លើកទី២ វាយតម្លៃលើវឌ្ឍនភាពវិស័យវារីវប្បកម្ម កសិ-ឧស្សាហកម្ម (ចេកអំបូងលឿង) និងសាកវប្បកម្ម។ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ឯកឧត្តមរដ្ឋមន្រ្តី រួមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសហការីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក។ លោកប្រធានសមាគម បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា កសិដ្ឋានបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១។ បច្ចុប្បន្នមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូល ដ្ឋាន បច្ចុប្បន្នកសិដ្ឋានបានពង្រីកសក្តានុពលចិញ្ចឹមដល់ទៅ៤២ស្រះមានធំមានតូចក្នុងនោះផលចាប់អាចទទួលបានជាមធ្យមចំនួន ២០០តោន/ឆ្នាំ សម្រាប់ផ្គត់ផ្គងឲ្យទីផ្សារក្នុងតំបន់ ខេត្ត និងរាជធានីភ្នំពេញ។ ដោយសារសេចក្តីត្រូវការទីផ្សារដែលចេះតែមានការកើនឡើង លោកប្រធានសមាគម ថានឹងបង្កើនផលិតកម្មវារីវប្បកម្មក្នុងកសិដ្ឋានឲ្យបានកាន់តែល្អប្រសើរឡើងទាំងបរិមាណ និងគុណភាព។
បន្ទាប់ពីបានអញ្ជើញពិនិត្យសកម្មភាពឲ្យចំណីត្រីក្នុងកសិដ្ឋាននិងបានជ្រាបអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនក្នុងកសិដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោក សុខ រ៉ាដែន ដែលបានវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមត្រីនៅតំបន់នេះដែលសកម្មភាពនេះសមស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមកនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ខេត្តព្រៃវែង ដែលបានចង្អុល ណែនាំ គាំទ្រ និងលើក ទឹកចិត្តឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រី និងកង្កែបជាលក្ខណគ្រួសារ ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង បង្កើនប្រាក់ចំណូល និងជំរុញការនាំចេញ ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺ ឆ្លងកូវីដ-១៩។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូល និងក្សេត្របរិស្ថានដែលមានលក្ខណអំណោយផលសម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តផងដែរ។
ព្រមជាមួយសមិទ្ធផលដែលកសិដ្ឋានសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យលោកខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំ ចូលត្រីពីប្រទេសជិតខាងដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ មួយវិញទៀត កសិដ្ឋាន គួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែងបង្កាត់ និងភ្ញាស់ពូជត្រីដែលទីផ្សារខ្វះខាត និងពេញនិយមចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ឲ្យអ្នកចិញ្ចឹមក្នុង និងក្រៅតំបន់នេះ ឬជាកន្លែងស្រាវជ្រាវគុណភាពចំណីត្រី និងហ្វឹកហាត់ការងាររបស់និស្សិត ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តម្ចាស់កសិដ្ឋានថាក្រសួង ក៏ដូចរដ្ឋបាលជលផលនឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឲ្យដំណើរការវិនិយោគការចិញ្ចឹមត្រីក្នុងកសិដ្ឋាន និងបង្កើតកន្លែងភ្ញាស់ពូជត្រី ក្នុងខេត្តកំពង់ធំសម្រេចទទួលបានជោគជ័យ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *