នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ខែមករាឆ្នាំ២០២១អគ្គនាយកដ្ឋានកសិកម្មសហការជាមួយកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC (Cambodia-Australia Agriculture Value Chain Program) និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានរៀបចំពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន១០គ្រឿងជូនដល់សហគមន៍កសិកម្មដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ្តាលី។ ពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ប៉ន សុភី អភិបាលរងនៃគណអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ភ្ញៀវជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន មន្រ្តី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ជាបឋម លោកជំទាវអភិបាលរងខេត្ត មានចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍន៍វិស័យកសិកម្ម នៅទូទាំងខេត្ត និងជាពិសេសដំណាំស្រូវ និងគ្រោះធម្មជាតិទឹកជំនន់កន្លងមក។ ទទួលបានការជួយឧបត្ថម្ភជាគ្រាប់ពូជស្រូវដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងបងប្អូនប្រជាកសិករបានយកគ្រាប់ពូជស្រូវទៅស្តារដំណាំស្រូវដែលរងផលប៉ះពាល់សម្រេចបានចំនួន១ ៧៩២ហ.ត ស្នើនឹង ១០០%។ តាមរយ:ជំនួយនេះ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានចាប់អារម្មណ៍អំពីជំនួយនាពេលនេះ ដែលជាផ្នែកមួយក្នុងការចូលរួមស្តារឡើងវិញផលិតកម្មស្រូវទាំង ១៩ខេត្តទូទាំងប្រទេសដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងដើម្បីចូលរួមលើកកម្ពស់សន្តិ សុខស្បៀងក្នុងខណ:ដែលពិភពលោកក៏ដូចជាកម្ពុជាកំពុងជួបវិបត្តិនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមឯកអគ្គរាជទូតក៏បានរំលេចជូនអង្គពិធីឲ្យបានឃើញអំពីកម្មវិធី CAVAC ដែលបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ និងជាដៃគូចាំបាច់ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការចូលរួមចំណែកជំរុញផលិតភាពផលិតកម្មស្បៀងតាមរយ:ការលើកកម្ពស់គុណភាពគ្រាប់ពូជដំណាំ ការធ្វើពិពិធកម្មកសិកម្ម ការកែលម្អខ្សែច្រវាក់តម្លៃ ការផ្តល់ធាតុចូលកសិកម្ម និងទីផ្សារកសិផល និងការកែលម្អប្រព័ន្ធស្រោចស្រព ក្នុងគោល បំណងបង្កើនផលិតភាព និងប្រាក់ចំណូលរបស់គ្រួសារកសិករខ្នាតតូច និងពាណិជ្ជកម្មស្រូវ-អង្ករ ដំណាំផ្សេងៗ និងពង្រឹងប្រព័ន្ធទីផ្សារ ហើយថ្ងៃនេះជួយឧបត្ថម្ភឧបករណ៍ដាំគ្រាប់ស្រូវផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ជូនថារដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធជា មួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសនិងជាពិសេសស្តារផលិតកម្មស្បៀងឡើងវិញក្នុងខណ:ដែលកម្ពុជាក៏ដូចពិភពលោកកំពុងប្រឈបបញ្ហាកូវិដ-១៩។មានមតិសំណេះសំណាលជាមួយប្រជាកសិករម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍ និងជាពិសេសម្ចាស់ស្រែដែលមានវត្តមាននាពេលនេះ និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ ភ្ជាប់ទៅនឹងជំនួយដ៏ថ្លៃថ្លានេះតាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូតឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែងថ្ងៃនេះ ឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១០គ្រឿងបន្ថែមទៀត (២០គ្រឿងបានចែកជូនសហគមន៍កសិកម្មនៅខេត្តកំពង់ធំរួចហើយ) ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បាននាំយកមកចែកជូនសហគមន៍កសិកម្ម ដើម្បីរួមចំណែកពន្លឿនការងារដាំដុះស្រូវរបស់បងប្អូនប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។ ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ជូនថាដោយស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀង សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន តាមរយ:ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវនេះចំនួន២៨០គ្រឿងដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ។ ចប់កម្មវិធីចែកឧបករណ៍ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញចូលរួមប្រមូលផលស្រូវជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលការលូតលាស់ដំណាំស្រូវដែលបានស្តារឡើងវិញរបស់បងប្អូនប្រជាកសិករនៅជាប់ទីតាំងប្រារព្វពិធីផងដែរ៕
Related Articles
ជប៉ុនផ្ដល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿងក្នុងតម្លៃប្រមាណ៤,៥លានដុល្លារ
ភ្នំពេញ៖ ប្រទេសជប៉ុនបានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រចំនួន១៥គ្រឿង ដែលមានតម្លៃជាង៥០០លានយ៉េនជប៉ុនស្មើនឹងជាង៤,៥លានដុលារអាមេរិកសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។នេះជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនតាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម។ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលគ្រឿងចក្រសាងសង់កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ដែលដោយមានការអញ្ជើញចូលរួមពីលោកMIKAMIMasahiroឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា,លោកSUGANOYuichiប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា តំណាងក្រុមហ៊ុន Marubini Protechs (TBC) ។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោកទេសរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រទេសជប៉ុនដែលបានផ្ដល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនិងមានសក្ដានុពលជាច្រើនក្នុងទិសដៅជំរុញកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍកម្ពុជា។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ជំនួយរបស់ជប៉ុនសម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវជាតិ លេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុប ២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៨៩,១លានដុល្លារ អាមេរិក។ស្ពានគីហ្សូណានិងស្ពានត្សឹបាសាប្រវែងសរុប ៣.៥៧៥ម៉ែត្រចំណាយថវិកាប្រមាណ១៨៦លានដុល្លារអាមេរិកនិងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ ៣០ លានដុល្លារអាមេរិក។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅតាមរយៈ លោកឯកអគ្គរាជទូត MIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រទាំងស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន ។ ជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់សាងសង់ ស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន និងកំពង់ផែអន្តរជាតិ សម្រាប់ជួយសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិសំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចអភិវឌ្ឍសង្គមនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ សូមជម្រាបជូនថា៖ […]
សម្តេចហ៊ុនសែន៖០២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជា
ថ្ងៃទី០២ខែធ្នូឆ្នាំ២០២០នេះគឺជាខួប៤២ឆ្នាំនៃថ្ងៃកំណើតចលនារំដោះជាតិនិងជីវិតប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជំនះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា«រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា»ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួលខេត្ដក្រចេះ។ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ […]
លោកឃួងស្រេងស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ
កាលរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០នៅក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅតាមបុរីនិងខុនដូនៅក្នុងរាជធានីភ្នំពេញលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានស្នើឲ្យម្ចាស់បុរីនិងខុនដូទាំងអស់នៅក្នុងរាជធានីផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពជូនសមត្ថកិច្ចដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរហើយសមត្ថកិច្ចនឹងរក្សាជាការសម្ងាត់ដោយមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទាំងនោះទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកឃួង ស្រេង បានមានប្រសាសន៍ថាចាប់ពីពេលនេះទៅគ្រប់បុរីនិងខុនដូទាំងអស់នៅរាជធានីភ្នំពេញត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនិងមានប្រព័ន្ធសន្តិសុខសុវត្ថិភាពដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។ បើតាមលោកអភិបាលរាជធានីភ្នំពេញគឺចង់ឱ្យម្ចាស់បុរីទាំងអស់ភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់ស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីងាយស្រួលក្នុងការចុះធ្វើអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។លោកបានសន្យាថារាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញនឹងរក្សាជាការសម្ងាត់និងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។លោកបន្តថាការពង្រឹងកិច្ចសហការរវាងម្ចាស់បុរីនិងសមត្ថកិច្ចនេះគឺដើម្បីអាចរាយការណ៍ឲ្យគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងដែលអាចសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។លោកឃួងស្រេងបានមានប្រសាសន៍ថាបច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើនបានរស់នៅដាច់ដោយឡែកហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាដែលទាមទារឲ្យភាគីទាំង២មានកិច្ចសហការជាមួយគ្នាទ្វេដងដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពល រដ្ឋដែលរស់នៅក្នុងបុរីនោះ។លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។លោកនាយឧត្តមសេនីយ៍បានស្នើឱ្យម្ចាស់បុរីខុនដូត្រូវបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀតដូចជាត្រៀមបង្ការពន្លត់អគ្គិភ័យ ឬរថយន្តពន្លត់អគ្គិភ័យមានប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោងមានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋត្រូវមានសន្តិសុខយាមកាមជាដើម។ម្ចាស់បុរីគួរបង្កើតឱ្យមានបទបញ្ជាផ្ទៃក្នុងនៅក្នុងបុរីបើបុរីរបស់អស់លោកមានសន្តិសុខល្អនោះមិនខ្វះអតិថិជននោះទេ៕