ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅតាមគន្លងថ្មី និងប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលេចចេញនូវជំងឺកូវីដ ១៩ទម្រង់ថ្មី

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈម្មាធិការកណ្ដាល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តឆ្នាំបន្ត នៅមន្ទីរគណបក្សខេត្តស្វាយរៀង នាថ្ងៃព្រហស្បត្តិ៍ ២កើត ខែបុស្ស ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្ដែងនូវការអបអរសាទរ និងជូនពរជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយ ឈ្នះ ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង។ សូមអរគុណសន្តិភាព និងគោរពដឹងគុណបិតាស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ ហើយសូមយកឱកាសដ៏វិសេសវិសាលនេះ ប្រកាសគាំទ្រឥតងាករេចំពោះបេក្ខភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអាណត្តិជារៀងរហូត ។

លោកជំទាវ ម៉ែន សំអន បន្តថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា៖ «សន្តិភាព» របស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។

លោកជំទាវក៏បានសំណូមពរដល់រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរ ពាក់ព័ន្ធត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងពង្រឹងឲ្យមានប្រសិទ្ធិភាពខ្ពស់នៃការផ្តល់សេវាសាធារណៈ ការពង្រឹងជីវភាពសមាជិកបក្ស ការពង្រឹងការចុះបំពេញភារកិច្ចតាមតួនាទី។ ជាពិសេស ត្រូវប្រុងប្រយ័ត្នខ្ពស់រក្សាអនាម័យ ការរស់នៅតាមគន្លងថ្មី ដោយរក្សាគម្លាតសង្គម ការប្រើប្រាស់ម៉ាស់ឲ្យបានត្រឹមត្រូវ និងការអនុវត្តតាមវិធានការណ៍របស់ក្រសួងសុខាភិបាល ស្របពេលពិភពលោកបានកើនឡើងនូវអត្រាឆ្លងយ៉ាងគំហុគ និងលេចចេញនូជំងឺកូវីដ១៩ទម្រង់ថ្មី ដោយគិតត្រឹមព្រឹកនេះ ពិភពលោកមានការឆ្លងរហូតដល់ ជាង ៨៣លាននាក់ និងមានអ្នកស្លាប់រហូតដល់ ជាង ១លាន៨សែននាក់ អ្នកព្យាបាលសះស្បើយ ជាង ៥៨លាននាក់ ចំណែកឯកម្ពុជាវិញមាន អ្នកឆ្លងត្រឹមតែ ៣៦៦នាក់ អ្នកដែលព្យាបាលជាសះស្បើយចំនួន៣៦១នាក់ និងពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នេះទេ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *