បាត់ដំបង៖ស្ពានថ្មថ្មី១៣មករាដែលកសាងទន្ទឹមគ្នាជាមួយស្ពានបុរាណអាយុជាង១០០ឆ្នាំក្នុងខេត្តបាត់ដំបងត្រៀមដាក់សម្ភោធឱ្យពលរដ្ឋធ្វើដំណើរឆ្លងការ។សមិទ្ធផលស្ពានថ្មថ្មីដែលតភ្ជាប់ដងស្ទឹងសង្កែរវាងត្រើយខាងកើតនិងខាងលិចកសាងទន្ទឹមគ្នាជាមួយស្ពានបុរាណអាយុកាល១០៣ឆ្នាំដែលចាប់ផ្តើមដំណើរការសាងតាំងពីដើមខែមករាឆ្នាំ២០២០មកទល់ពេលបច្ចុប្បន្ន។
ស្ពាននេះបានបញ្ចប់គម្រោងស្ទើរតែទាំងស្រុងហើយនៅសេសសល់ផ្នែកតូចៗមួយចំនួនប៉ុណ្ណោះដូចជាការកែលម្អត្រង់ក្បាលស្ពានត្រើយខាងកើតនិងខាងលិចខ្លះៗ។ដោយចំពោះមុខនេះក្រុមជាងកំពុងពន្លឿនការរៀបចំខឿនផ្លូវដាំស្មៅដាំផ្កាក្នុងសួនកំណាត់ផ្លូវភ្លោះនិងបំពាក់អំពូលភ្លើងជាដើមមុននិងបើកសម្ភោធដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ឆ្លងកាត់ទៅមក។
ស្ពានថ្មទើបសាងសង់ថ្មីនេះត្រូវបានសម្តេចក្រឡាហោម ស ខេង ដាក់ឈ្មោះថា “ស្ពាន១៣មករា” ឱ្យស្របទៅតាមអត្ថន័យជាថ្ងៃរំដោះទីក្រុងបាត់ដំបងពីរបរប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៩។ ស្ពាន១៣មករានេះនៅពីក្រោយថ្ងៃដាក់ឱ្យដំណើរជាស្ថាពរហើយមិនត្រឹមតែបានផ្តល់ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋបានឆ្លងកាត់ដឹកជញ្ជូនកសិផលទំនិញផ្សេងៗនិងបញ្ចៀសចរាចរណ៍កកស្ទះនៅថ្ងៃបុណ្យទានម្តងៗនោះទេ។
ក្រៅពីនេះស្ពានដ៏ស្រស់ស្អាតថ្មីនេះក៏បានផ្តល់ជាសារប្រយោជន៍យ៉ាងសំខាន់ផងដែរក្នុងការទាក់ទាញភ្ញៀវជាតិអន្តរជាតិឱ្យផ្តោតការចាប់អារម្មណ៍ឡើងលេងគយគន់ទឹកស្ទឹងសង្កែថតរូបអនុស្សាវរីយ៍និងជាផ្នែកមួយពង្រីកសក្តានុពលទេសចរណ៍ចម្រុះជាតិសាសន៍ឱ្យចូលមកទស្សនាក្នុងទឹកដីចំណាស់ខេត្តបាត់ដំបងកាន់តែច្រើនទ្វេឡើង។
លោកងួនរតន:អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់ជុំវិញសមិទ្ធផលនេះថា៖សម្រាប់ពេលវេលាដាក់សម្ភោធស្ពាន១៣មករា នៅចំណុចទល់មុខសាលាខេត្តក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។រដ្ឋបាលខេត្តមិនទាន់បានសុំគោលការណ៍ទៅថ្នាក់លើនោះទេដោយសារមានការងារកែលម្អនៅសេសសល់មួយចំនួនតូចទៀតរង់ចាំការរៀបចំកែលម្អត្រង់ផ្នែកក្បាលស្ពានត្រើយខាងលិច និងត្រើយខាងកើតសិនទើបសម្រេច។
ស្ពានថ្មថ្មីនេះដែរមានទីតាំងស្ថិតនៅប៉ែកខាងត្បូងនៃស្ពានបុរាណ មានចន្លោះពីគ្នាចំនួន៦ម៉ែត្រ ប្រវែងបណ្តោយចំនួន១០០ម៉ែត្រទទឹង៨ម៉ែត្រប្រើប្រាស់ថវិកាចំនួនជាងកន្លះលានដុល្លាអាមេរិករបស់សប្បុរសខ្មែរនៅប្រទេសស្វីសមានស្រុកកំណើតនៅក្នុងស្រុកបាណន់តាមរយៈការកៀងគរពីសម្តេច ក្រឡាហោមសខេង៕