ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែបនិងសម្ភារៈចិញ្ចឹមមួយ​ចំនួនជូនកសិករយ​កទៅចិញ្ចឹមជាល​ក្ខណៈគ្រួសារ

សម្រាប់ខេត្តព្រះវិហារបានឈានចូលដល់វគ្គទី២នៃយុទ្ធនាការចុះចែកកូនត្រីអណ្តែងកូនកង្កែប និងសម្ភារៈចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ។ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរជាមួយដោយឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសារ ដែលពិធីនេះបានរៀបចំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ។លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីការងារបង្កបង្កើនផលជារួម ដោយឡែកអំពីវឌ្ឍនភាពនៃការចិញ្ចឹមត្រី និងកង្កែបដែលបានចែកជូនកាលពីវត្គទី១។ ក្នុងរយ:ពេលតែ ៣ខែ កសិករចិញ្ចឹមត្រីទទួលបានផល ១០០គ.ក្រ/គ្រួសារ (៥ក្បាល/គ.ក្រ) ត្រីមានតម្លៃ ៨ ០០០រ/គ.ក្រ។ ចំពោះកសិករចិញ្ចឹមកង្កែបបានប្រមូលផលរំលោះ និងទុកធ្វើពូជខ្លះ ជាមធ្យមបានទទួលផល ៦០គ.ក្រ/គ្រួសារ កង្កែបសាច់មានតម្លៃ ១២ ០០០រ/គ.ក្រ។ ក្នុងចំណោមកសិករចិញ្ចឹមត្រីអណ្តែង ៨៥% បានប្រមូលផលរំលោះ និងនៅបន្តចិញ្ចឹម ហើយ ១៥% ទៀតបានប្រមូលផលលក់ទាំងអស់ និងកំពុងរៀបចំដាក់កូនចិញ្ចឹមជាថ្មី។ ដោយឡែកកសិករ យឿន យឿម និងភរិយា តក់ ស្រីមុំ (ទើបរៀបការ) បានតស៊ូធ្វើដំណើរដោយម៉ូតូចំងាយ ១៧០គីឡូម៉ែត្រទៅទិញពូជកង្កែបនៅខេត្តសៀមរាបយកមកចិញ្ចឹម។ ដោយសារការប្តេជ្ញាចិត្តខ្ពស់ និងទទួលបានការជួយជាបច្ចេកទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នគ្រួសារថ្មីមួយនេះបានក្លាយជាអ្នកផលិតពូជកង្កែបផ្គត់ផ្គង់ជូនប្រជាកសិករនៅទូទាំងស្រុកត្បែងមានជ័យ ហើយជាក់ស្តែងកូនកង្កែបដែលយកមកចែកជូននាពេលនេះ គឺបានទិញពីកសិករនេះផងដែរ (លេខទាក់ទង ០១១ ៦២៩១៦១)។ មានមតិស្វាគមន៍ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានសម្តែងនូវបីតិចំពោះភាពជោគជ័យរបស់កសិករដែលចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងវគ្គទី១ ដូចដែលលោកប្រធានមន្ទីររាយការណ៍ជូនជ្រាបខាងលើ និងជាពិសេសចំពោះដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលបានអញ្ជើញមកកាន់ខេត្តនេះ ៤ដងរួចមកហើយ ក្នុងបំណងជួយជំរុញល្បឿនបង្កបង្កើនផល និងយុទ្ធនាការចិញ្ចឹមត្រីអណ្តែង និងកង្កែបជាលក្ខណគ្រួសារដើម្បីធានាសន្តិសុខស្បៀង តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាក សួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តព្រឹត្តបណ្ឌិត សម្តេចប្រធានព្រឹទ្ធសភា និងសម្តេចប្រធានរដ្ឋសភា មកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ និងចូរទទួលបានជោគជ័យក្នុងអាជីពចិញ្ចឹមត្រី-កង្កែបក៏ដូចជាប្រកបរបរផ្សេងៗទៀតផងដែរ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការសំណេះ សំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល ជាពិសេសនោះគឺការងារវារីវប្បកម្មដែលលោកបានរំលេចជូនប្រជាកសិករជ្រាបអំពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភ: និងកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក ដែលសម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញការងារផលិតកម្មស្បៀង ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារតាមរយ: ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលសេដ្ឋកិច្ចជាតិ និងវិស័យមួយចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍អំពីជីវិតជាកសិករ តស៊ូលំបាកគ្រប់បែបយ៉ាងដើម្បីផលិតស្បៀងផ្គត់ផ្គង់ឲ្យគ្រួសារ ប៉ុន្តែផ្ទុយពីជីវិតកសិករសម័យតេជោ ដោយសារបច្ចេកវិទ្យាវិស័យកសិកម្មមាន ការរីកចម្រើន ទំនើប ទាន់សម័យ និងជាពិសេសដោយសារការជួយជ្រោមជ្រែង និងឧបត្ថម្ភគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ជាក់ស្តែងថវិកា២ ០០០លានរៀលគឺជាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចផ្ទាល់សម្រាប់ទិញកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតយកមកចែកជូនកសិករនាពេលនេះ។ ភ្ជាប់នឹងការងារបច្ចេកទេស លោកបានណែនាំឲ្យមន្ទីរ រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាធ្វើការតាម ដាននូវរាល់សកម្មភាពរបស់កសិករដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមនាថ្ងៃនេះ ដើម្បីឲ្យអាជីពនេះដុះដាលលូតលាស់ រីកចម្រើនជាបន្តបន្ទាប់ និងត្រូវបន្តជួយគាំទ្របច្ចេកទេសសម្រាប់កសិករក្នុងវគ្គទី១ ធ្វើយ៉ាងណាឲ្យអាជីវកម្មនេះមានចីរភាព និងនិរន្តរភាព។ ព្រមជាមួយគ្នានេះ មន្រ្តីជំនាញរដ្ឋបាលជលផលត្រូវបន្តចុះជួយផ្សព្វផ្សាយ បណ្តុះបណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ ចងក្រងជាបណ្តុំអាជីវកម្ម និងសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។
ចំពោះមុខឯកឧត្តមអភិបាលខេត្ត និងបងប្អូនកសិករ ឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមឲ្យថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលជលផលសន្យាថានឹងខិតខំពុះពារគ្រប់បែបយ៉ាងមិនថាឡើយពេលវេលាឈប់សម្រាកចុងសប្តាហ៍ ចុះមកជួយជំរុញយុទ្ធនាការនេះឲ្យកាន់តែសកម្មឡើងថែមទៀតនៅទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង ថែរក្សា ការពារ និងទ្រទ្រង់សេដ្ឋកិច្ចគ្រួសារឲ្យមានចីរភាព និងនិរន្តរភាព រក្សាសុវត្ថិភាពស្បៀង ប្រែក្លាយវិបត្តិ ទៅជាឱកាសដើម្បីពង្រីក និងពង្រឹងសមត្ថភាពចិញ្ចឹមត្រី និងកង្កែបតាមគ្រប់រូបភាព។ សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៥០គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ៤បាវ និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភថវិកាចំនួន ៤០០ ០០០រៀលជូនលោក យឿន យឿមផងដែរ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *