ព័ត៌មានជាតិ

អំពូលភ្លើងបំភ្លឺផ្លូវជាង៤០០បង្គោលនៅក្នុងក្រុងស្វាយរៀងដែលដាច់ខូចនឹងរៀបចំផ្លាស់ប្តូរថ្មីឡើងវិញដើមខែក្រោយ

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០  ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកប្រធានស្នាក់ការច្រកទ្វាអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស ការចូលរួមផ្សព្វផ្សាយក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅតាមមូលដ្ឋាននានាក្នុងខេត្ត។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅ និងចំណុចសំខាន់ៗមួយចំនួនដូចជា ៖ ១- រដ្ឋបាលខេត្ត និងរៀបចំដាក់អំពូលភ្លើងបំភ្លឺផ្លូវសាធារណៈដែលបានដាច់ដោយកន្លែងនៅក្នុងក្រុងស្វាយរៀងឡើងវិញ ក្នុងនោះក៏មានថែមនូវបង្គោលភ្លើងនៅតាមបណ្តាផ្លូវសំខាន់ៗមួយចំនួនទៀត ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០តទៅ។ ទន្ទឹមនោះក៏មានរៀបចំដាក់នៅទីប្រជុំជនផ្សារក្រោលគោ និងទីប្រជុំជនផ្សារស្វាយជ្រំផងដែរ។

២- គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ត្រូវត្រៀមលក្ខណៈរៀបចំទីទួលមានសុវត្ថិភាព និងត្រៀមសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជម្លៀសប្រជាពលរដ្ឋពេលជួបគ្រោះធម្មជាតិដែលអាចកើតឡើងជាយថាហេតុ ដូចជាជំនន់ទឹកភ្លៀងជាដើម ក្នុងរដូវវស្សានេះ។

៣- រដ្ឋបាល ក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជំរុញផ្សព្វផ្សាយការធ្វើអត្ថសញ្ញាណបណ្ណនៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវ និងឆាប់រហ័សជូនប្រជាពលរដ្ឋ។

៤- រដ្ឋបាលក្រុង ស្រុក ត្រូវជំរុញការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋក្នុងការបង់ពន្ធអចលនទ្រព្យគ្រប់ប្រភេទឱ្យបានមុនការកំណត់នៅថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២០នេះ។

៥-មន្ទីរកសិកម្ម និងអភិបាលក្រុងស្រុក ត្រូវបន្តតាមដានការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋរួមទាំងការចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗ។

៦- បន្តចូលរួមផ្សព្វផ្សាយអំពីច្បាប់ចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ។

៧- ជំរុញការធ្វើរូប «ឡូហ្គូ» តំណាងរដ្ឋបាលក្រុងស្រុកនីមួយៗ និងរៀបចំនូវខ្លឹមសារ អត្ថន័យ នៃ (ឡូហ្គូ) ក្រុងស្រុកនីមួយៗឲ្យបានត្រឹមត្រូវ៕

pda

Leave a Reply

Your email address will not be published. Required fields are marked *