ព័ត៌មានជាតិ

អភិបាលខេត្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ ដើម្បីត្រៀមបង្ការ និងដោះស្រាយទាន់ពេលវេលា ក្នុងករណីមានគ្រោះជំនន់ទឹកភ្លៀង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក ដើម្បីត្រៀមកម្លាំងការពារ ទុកជាមុននូវគ្រោះមហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀង ដោយជាយថាហេតុដូចបណ្តាខេត្តផ្សេងៗ។ ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថា ក្នុងស្ថានភាពភ្លៀងធ្លាក់ជាប់ៗគ្នា នៅខេត្តមណ្ឌលគិរីរហូតមកដល់ពេលនេះ បានរងផលប៉ះពាល់ផ្លូវ និងផ្ទះសម្បែងមួយចំនួន នៅឃុំចំនួនបី គឺឃុំណង់ឃីលិក និងឃុំរយ៉ ក្នុងស្រុកកោះញែក និងឃុំមេម៉ង់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី តែមិនបណ្តាលឲ្យបាតបង់ដល់អាយុជីវិត និងខូចខាតដល់លំនៅដ្ឋាន រួមទាំងដំណាំប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ដោយឡែកស្ថានភាពទឹកដែលឡើងនៅតំបន់ទាំងនោះ គឺមានការស្រក់ចុះទៅវិញហើយ។ ឯកឧត្តមបញ្ជាក់ថា បើទោះបីជានៅតាមឃុំ/ស្រុក ដែលនៅតាមបណ្តោយអូរ ឫទន្លេ ក៏ដូចជាខេត្តទាំងមូល មិនទាន់ជួបបញ្ហាប្រឈមនូវគ្រោះទឹកជំនន់ ដូចបណ្តារាជធានីខេត្តផ្សេងៗក៏ពិតមែន តែយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់។ ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ អាជ្ញាធរខេត្ត […]

ព័ត៌មានជាតិ

គ.ជ.ប ដាក់ចេញបទបញ្ជាផ្ទៃក្នុងសម្រាប់កិច្ចប្រជុំ ឬសន្និសីទសារព័ត៌មានជាមួយភាគីពាក់ព័ន្ធ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី លទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះការចុះឈ្មោះបោះឆ្នោត ការបញ្ជូនលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមក គ.ជ.ប បណ្តឹងទាក់ទងទៅនឹងការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោតដំបូង។ នេះតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប។ កិច្ចប្រជុំនេះធ្វើឡើងនៅវេលាម៉ោង១០ ៖ ០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

ក្រសួងធនធានទឹក ៖ ទឹកតាមដងស្ទឹងព្រែកត្នោតស្រកចុះខ្លះ ហើយនៅព្រឹកនេះ

ភ្នំពេញ ៖ ​ក្រសួង​ធនធាន ទឹក​និង​ឧតុ​និ​យម បានឲ្យដឹងថា នៅ​ព្រឹក​ថៃ្ង​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ស​ភាព​ការ​ណ៍ទឹក​តាម​​ដងស្ទឹង​ព្រែក​ត្នោត​មានការ​ស្រក​ចុះ​ខ្លះ​ហើយ ដោយ​នៅលើ​សំណង់​បង្ហៀរ​កម្ពស់​ទឹក​៦,៦០ម៉ែត្រ​លើ​បង្ហៀរ​ ថយចុះ​០,០៧​ម៉ែត្រ​។ រីឯ​ស្ថានភាព​ទឹក​នៅតាម​ដងស្ទឹង​ចាប់ពី​វត្ត​សាក់​​សំពៅ​ទៅ​ស្ពាន​ព្រែក​ជ្រៃ ទឹក​ស្រក​គិត​ជា​មធ្យម ០,៧​ម៉ែត្រ និង​ទឹក​ពី​ទំនប់​៧​មករា ទៅដល់​ស្ពាន​សាក់​សំពៅ ទឹក​ស្រក​ចុះ ០,០៤​ម៉ែត្រ។ ​ទន្ទឹមនោះក្រសួងធនធានទឹកបាន​អះអាងថា ​ទឹក​មានការ​ស្រក​ចុះ​យឺត អាច​បណ្តាល មកពី​ការសាងសង់​ស្ពាន​កាត់​ស្ទឹង​ក្រោម​វត្ត​សាក់​សំពៅ ​ដោយ​ការចាក់ដី​បង្រួម​ស្ទឹង ដើម្បី​សាងសង់​ស្ពាន​។​ ដោយឡែក​សកម្មភាព​ការងារ​នៅតែ​បន្ត​ចុះ​តាមដាន​សភាព​ទឹក​តាម​ដងស្ទឹង​, ដឹក​ដី​ចាក់​បន្ថែម​ភ្លឺ​ទំនប់​ខាងលើ​វត្ត​សាក់​សំពៅ ៥០០​ម៉ែត្រ​, ប៉ែក​ខាងលើ​ទំនប់ ៧​មករា (ប្រទះ​ឡាង​ប្រវែង ៣៣០០​ម៉ែត្រ) ​ដំឡើងកម្ពស់​សណ្តលើ​តួ​ទំនប់​ចាស់​, រៀប​បាវ​ខ្សាច់​នៅមុខ​រោងចក្រ​, បិទ​រូង​នាគ​នៅតាម​តួ​ទំនប់​ ព្រមទាំង​បិទ​បំពង់​ស្ថានីយបូមទឹក​កុំ​ឲ្យ​ទឹក​ហូរ​ចូល​សង្កាត់​ក្រាំង​ពង្រ ៕​

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

នៅរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខណ្ឌដង្កោរ រាជធានីភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចុះជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងត្រូវបានអាជ្ញាធរបញ្ជូលមកកាន់ទីតាំងសុវត្តិភាពចំនួន២ទីតាំង ដែលទីតាំងទី១នៅក្នុងបុរីភពថ្មីកួរស្រូវ២ និងទីតាំងទី២គឺនៅមុខផ្សារព្រែកជ្រៃ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលសម្តេចបានប្រើពាក្យថា «កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង»។ សម្តេចក៏បានកោតសរសើរផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលបានប្រឹងប្រែងដោយខ្លួនឯង រួមទាំងការជួយរបស់អាជ្ញាធរ ដោយរាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ សម្តេចតេជោ ហ៊ុន សែន បានបន្តសំណូមពរ និងអំពាវនាវ៣ចំណុច ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយកចិត្តទុកដាក់ដូចតទៅ៖ ទី១) គឺជម្លៀសប្រជាជននៅតំបន់ដែលមានគ្រោះថ្នាក់ទៅកាន់ទីទួលសុវត្ថិភាព ដោយមានការប្រុងប្រៀបជាមុន ត្រូវពិនិត្យមើលទីកន្លែងជាមុន ដើម្បីឆ្លើយតបនៅពេលដែលដឹកជញ្ជូនទៅកាន់ទីនោះ ទី២) បន្ទាប់ពីទឹកស្រក សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយសម្រួលដល់ការដឹកជញ្ជូនប្រជាជនទៅកាន់មូលដ្ឋានដើមវិញ ទី៣) ត្រូវផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋដែលរងគ្រោះ ក៏ដូចជាខិតខំព្យាបាលជំងឺប្រសិនបើមានជំងឺកើតឡើង។ សម្តេចក៏អំពាវនាវចំពោះប្រជាជនត្រូវការពារនៅជំងឺខ្លួនឯង តាមរយៈការអនាម័យ កុំទទួលទានទឹកមិនស្អាតដែលនាំទៅដល់ជំងឺរាគរួសក្អួតនាំមកនូវការលំបាកបន្ថែមទៀត។ […]

ព័ត៌មានជាតិ

ព្យុះទី១៧ឈ្មោះសូឌែល(SAUDEL)កម្ពុជាអាចមានភ្លៀងធ្លា​​ក់ពីបង្គួរទៅច្រើន​តំបន់សមុទ្រភ្លៀងធ្លា​ក់ច្រើន

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីពីស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០បានឲ្យដឹងថាព្យុះទី១៧ឈ្មោះសូឌែល(SAUDEL)បណ្តាលឱ្យកម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែតុលាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនសមុទ្រភ្លៀងធ្លាក់ច្រើន។ក្រសួងធនធានទឹកបញ្ជាក់ថាបន្ទាប់ពីបានធ្វើការតាមដាននិងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ឃើញថានៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ( Active Low )កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន ។តាមការព្យាករ សម្ពាធទាបសកម្មនេះនឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូងហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៧ឈ្មោះ សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាមនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុង ប្រទេសកម្ពុជា ។ សូមសាធារណជនជ្រាបជាព័ត៌មានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំនិងជួរភ្នំ និងបងប្អូនប្រជានេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន!ខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។

ព័ត៌មានជាតិ

សម្តេចហ៊ុន​សែន៖​(១៥តុលា២០​១២-១៥តុលា​២០២០)នៃ​កា​រយាងចូល​​ព្រះទិវង្គត​​នៃ​ព្រះករុណា​ព្រះ​បា​ទស​ម្តេច​នរោត្តមសី​​ហនុ

ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះគឺជាខួបទី៨ឆ្នាំ(១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ សូមថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានជាតិ

​ជំនន់​ទឹកភ្លៀង​បណ្តាលឱ្យ​ស្ពានឈើ​មួយ​បាក់​រលំ​ចូល​ស្ទឹង​សិរីសោភ័ណ​

បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​បានឱ្យដឹង​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​ថា​៖​ស្ពានឈើ​ព្រះ​ពន្លា​ប្រវែង​ជិត​១០០​ម៉ែត្រ​ដែល​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩៩៤​បាន​បាក់​រលំ​ស្រុត​ចូល​ស្ទឹង​សិរីសោភ័ណ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ ​ស្ពាន​នេះ​ជា​ព្រះរាជ​អំណោយ​របស់​សម្តេច​ក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​ដែល​ចាស់​ទ្រុឌទ្រោម​យ៉ាងខ្លាំង​និង​បិទ​លែងឱ្យ​ឆ្លងកាត់​យានយន្ត​រាប់ទាំង​ម៉ូតូ​ផង​នោះ​។​ទីបំផុត​ជំនន់​ទឹកភ្លៀង​បាន​ទាញ​បំបាក់​ចុះ​លិច​ក្នុង​ទឹកស្ទឹង​សិរីសោភ័ណ​ហើយ​។​ស្ពាន​នេះ​ស្ថិតនៅ​ក្នុងភូមិ​៣​និង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​ ​កន្លងមក​ពលរដ្ឋ​បាន​សុំឱ្យ​មានការ​ជួសជុល​តែ​ត្រូវ​អាជ្ញាធរ​មិន​ជួសជុល​នោះទេ​។​ម្យ៉ាង​ដោយសារ​វា​ទ្រុធ​ទ្រោម​ពេក ទោះ​ជួសជុល​ក៏​ថវិកា​ច្រើន​ហើយ​នៅតែ​ប្រើ​មិនបាន មិន​ធានា​ជួសជុល​ក៏​សឹង​ប្រហែល​នឹង​សង់​ថ្មី​ដែរ ។​ជាងនេះទៅទៀត​នៅ​ខាងជើង​នោះ​ជាង​៣០០​ម៉ែត្រ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក៏បាន​សាងសង់​ស្ពានថ្ម​ថ្មី​ជា​អំណោយ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហើយ​ដែរ​៕​

ព័ត៌មានជាតិ

ជប៉ុន​ផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿងក្នុង​តម្លៃ​ប្រមាណ​៤,៥​លាន​ដុល្លារ​

ភ្នំពេញ​៖ ប្រទេស​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​១៥​គ្រឿង ដែលមាន​តម្លៃ​ជាង​៥០០​លាន​យ៉េន​ជប៉ុន​ស្មើនឹង​ជាង​៤,៥​លាន​ដុលារ​អាមេរិក​សម្រាប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​។​នេះ​ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​។​ ​លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​គ្រឿងចក្រ​សាងសង់​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០​ដែល​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​MIKAMIMasahiro​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​,​លោក​SUGANOYuichi​ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ប្រចាំ​កម្ពុជា តំណាង​ក្រុមហ៊ុន Marubini Protechs (TBC) ។​ ​ថ្លែង​ទៅកាន់​អង្គពិធី​នាឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​ជប៉ុន​ដែល​បានផ្ដល់​ជំនួយឥតសំណង ព្រមទាំង​ហិរញ្ញប្បទាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​និង​មាន​សក្ដានុពល​ជាច្រើន​ក្នុងទិសដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​អភិវឌ្ឍ​កម្ពុជា​។​ ​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖​ជំនួយ​របស់​ជប៉ុន​ស​ម្រា​ប់​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​៖ ផ្លូវជាតិ លេខ​៦ ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​១ ប្រវែង​សរុប ២៥៤,៣​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ ១៨៩,១​លាន​ដុល្លារ អាមេរិក​។​ស្ពាន​គី​ហ្សូ​ណា​និង​ស្ពាន​ត្សឹ​បា​សា​ប្រវែង​សរុប ៣.៥៧៥​ម៉ែត្រ​ចំណាយ​ថវិកា​ប្រមាណ​១៨៦​លាន​ដុល្លារ​អាមេរិក​និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង​សរុប​១០៨០​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ លាន​ដុល្លារ​អាមេរិក​។ ​ជាមួយគ្នា​នោះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​តាមរយៈ លោក​ឯកអគ្គរាជទូត MIKAMI Masahiro ជូន​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​ជប៉ុន ដែលជា​និច្ចកាល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី បច្ចេកទេស ឥណទាន​កម្ចីសម្បទាន ។ ​ជំនួយឥតសំណង​ជា​បន្តបន្ទាប់​សម្រាប់​សាងសង់ ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​-​ស្ពាន និង​កំពង់ផែ​អន្តរជាតិ សម្រាប់​ជួយ​សម្រួល​ដល់​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ទីផ្សារ​ជាតិ និង​អន្តរជាតិ​សំដៅ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច​អភិវឌ្ឍ​សង្គម​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។​ ​សូម​ជម្រាបជូន​ថា​៖ […]

ព័ត៌មានជាតិ

សម្តេចប្រធានសភាលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភាបន្តសកម្មភាពមនុស្សធម៌ក្នុងការជួយឧបត្ថម្ភគាំពារដល់ប្រជាពលរដ្ឋរងគ្រោះ

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា មានខេត្តមួយចំនួន នៅក្នុងប្រទេសយើង ដូចជាខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ប៉ៃលិនជាដើម បានកំពុងទទួលជំនន់ទឹកភ្លៀង។ សម្តេច សូមថ្លែងអំណរគុណជា្រលជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំចុះអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ បានទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាព និងបានបន្តចាត់វិធានការផ្សេងៗ តាមសភាពជាក់ស្តែង ក្នុងការឆ្លើយតបគ្រោះធម្មជាតិនេះ នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ សូមបងប្អូនជនរួមជាតិ ពិសេសពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់តែម្តង សូមរក្សាសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ រក្សាអនាម័យក្នុងរស់នៅ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ និងចាស់ជរាដែលជាជនងាយរងគ្រោះដោយប្រការផ្សេងៗ។ សម្តេច ហេង សំរិន សូមលើកទឹកចិត្តដល់សមាជិក សមាជិការដ្ឋសភា សមាជិករាជរដ្ឋាភិបាល ស្ថាប័នជាតិ អន្តរជាតិ បន្តសកម្មភាពមនុស្សធម៌ ដែលយើងបានអនុវត្តកន្លងមក ក្នុងការជួយឧបត្ថម្ភគាំពារ ដល់ប្រជាពលរដ្ឋរងគ្រោះ នូវជំនួយសង្រ្គោះបន្ទាន់ មានសម្ភារៈប្រើប្រាស់ ថវិកា ថ្នាំដង្កូវ ជាដើម ឲ្យបានទាន់ពេលវេលា៕

ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល ណែនាំមន្រ្តីជំនាញឲ្យបន្តតាមដានពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃអង្គារ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីសភាពការបច្ចុប្បន្នពាក់ព័ន្ធនិងគ្រោះហន្តរាយ ដើម្បីត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងករណីមានជំនន់ទឹកភ្លៀងនៅតាមបណ្តា ក្រុង ស្រុក នានាក្នុងខេត្តស្វាយរៀងកើតឡើង។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងប្រតិបត្តិការសឹករងស្វាយរៀង  លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានា លោកប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្តតាមដានពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដោយសារទឹកភ្លៀងឱ្យបានច្បាស់លាស់ដើម្បីមានវិធានការដោះស្រាយ។ ចំពោះក្រុមការងារចត្តាឡីស័កនៅតាមបណ្តាគោលដៅនានាក្នុងខេត្តត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩៕