ខេត្តតាកែវ ៖ក្រុមមេធាវីស្មគ្រចិត្តសម្ដេចតេជោ ហ៊ុន សែន រួមជាមួយ រដ្ឋបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៦០គ្រួសារ នៅឃុំក្រាំងធ្នង់ និងឃុំពត់សរ ស្រុកបាទី កាលពីល្ងាចថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ពិធីនេះស្ថិតក្រោមវត្តមានឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ និងជាតំណាងដ៍ខ្ពងខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងប្រតិភូអមដំណើរជាច្រើន លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប បានចូលរួមនាំយកអំណោយ មកផ្ដល់ជូនពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ និងភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មាន ចំនួន៦០គ្រួសារ។
មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាឱកាសនោះដែរ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខ ប្រកបដោយទឹកចិត្តស្រលាញ់ ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងជួបនូវវិបិត្តរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលជានិច្ចកាលសម្ដេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលវេលាគ្រប់វិនាទី ដោយមិនទុកឲ្យបងប្អូនរងាឯកោនោះទេ គឺសុខចិត្តនៅរួមសុខ រួមទុក្ខជាមួយពលរដ្ឋ ជារៀងដរាប ។
ឯកឧត្តមប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ គី តិច ក៏បានធ្វើការណែនាំ ឱ្យអាជ្ញាធរ ក្រុង-ស្រុក កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ និងរៀបចំផែនការអន្តរាគមន៍ ដោយត្រៀមកម្លាំងក្នុងការទប់ស្កាត់ និងត្រៀមទីទួលសុវត្ថិភាពឲ្យបានច្បាស់លាស់ ដើម្បីធ្វើការជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងករណីបើមានគ្រោះទឹកជំនន់ភ្លៀង និងសូមធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋយើងត្រូវអនាម័យ ថែរក្សាសុខភាព ក៏ដូចជាជម្ងឺកូវីដ-១៩ និងរាយការណ៍ជាបន្ទាន់ក្នុងករណីមានហេតុការណ៍កើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន៕