ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញបុរសជនជាតិហុងគ្រីម្នាក់ ដែលរត់គេចពីកន្លែងធ្វើចត្តាឡីស័ក នៅខេត្តសៀមរាបវិញហើយ

ខេត្តសៀមរាប ៖ សមត្ថកិច្ចខេត្តសៀមរាបបានរកឃើញបុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំម្នាក់ដែលបានរត់គេចពីកន្លែងធ្វើចត្តាឡីស័ក នៅកន្លែងស្នាក់នៅរបស់គាត់ នាខេត្តសៀមរាប វិញហើយ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ នៅផ្ទះរបស់គាត់ផ្ទាល់។ ពេលនេះ សមត្ថកិច្ចជំនាញនិងក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាប កំពុងបន្តនីតិវិធី តាមជំនាញ។

សូមបញ្ជាក់ថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ បង្ហាញថា មានករណីសង្ស័យវិជ្ជមានវីរុសកូវីដ-១៩ ថ្មី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ចំនួនម្នាក់ គឺ បុរសជនជាតិហុងគ្រី អាយុ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិគ្រួស ឃុំថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានរាយការណ៍ដោយមន្ទីរពិសោធនៃមន្ទីរពេទ្យខេត្តសៀមរាប។

បុរសរូបនេះ ជាអ្នកធ្វើដំណើរពីប្រទេសបារាំង បន្តជើងហោះហើរតាមប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ហើយលទ្ធផលតេស្តរបស់គាត់ នៅពេលនោះ គឺ អវិជ្ជមានវីរុសកូវីដ-១៩។

បន្ទាប់មក គាត់បានបន្តធ្វើចត្តាឡ័ស័កនៅកន្លែងស្នាក់នៅតាមអាសយដ្ឋានខាងលើនេះ នៅខេត្តសៀមរាប រហូតដល់ថ្ងៃទី១៣ នៃការធ្វើចត្តាឡ័ស័ករបស់គាត់ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ការធ្វើតេស្តឡើងវិញក៏បានបង្ហាញលទ្ធផលសង្ស័យថា វិជ្ជមានវីរុសកូវីដ-១៩ ហើយវត្ថុសំណាករបស់គាត់ត្រូវបានបញ្ជូនមកដល់នៅវេលាយប់ម៉ោងប្រហែល១១៖០០នាទី យប់ នៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយការវិភាគរបស់វិទ្យាស្ថាននេះ នឹងធ្វើនៅវេលាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ រីឯ លទ្ធផលរំពឹងថា នឹងអាចទទួលបាននៅល្ងាចថ្ងៃដដែល ។

ក្រសួងសុខាភិបាល បន្តថា ទន្ទឹមនឹងការបញ្ជូនវត្ថុសំណាក និង រង់ចាំការវិភាគបញ្ជាក់លើភាពវិជ្ជមានវីរុសកូវីដ-១៩ ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ស្រាប់តែក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចទាក់ទងជាមួយបុរសរូបនេះបានឡើយ ដោយបុរសខាងលើនេះ បានគេចចេញពីកន្លែងស្នាក់នៅខាងលើរបស់គាត់បាត់តែម្តង។

បើតាមក្រសួងសុខាភិបាល ប្រសិនបើនៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ពិតជាឃើញ វិជ្ជមានវីរុសកូវីដ-១៩ មែននោះ ស្ថានភាពគេចវេសរបស់គាត់បែបនេះ «នឹងអាចមានហានិភ័យឆ្លងដល់សហគមន៍ បើគាត់ធ្វើដំណើរច្រើននិងជួបមនុស្សច្រើន»៕

pda

Leave a Reply

Your email address will not be published. Required fields are marked *