ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលរៀបចំឡើង តាមប្រព័ន្ធអនឡាញ។

សិក្ខាសាលានេះមានការចូលរួមពីភាគីពាក់ព័ន្ធជាង៥០០នាក់ ដែលជាថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក តំណាងក្រសួង ស្ថាប័នចំណុះគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងឃុំ ពាក់ព័ន្ធ សហគមន៍ជនជាតិដើមភាគតិច ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអង្គការអន្តរជាតិមួយចំនួនទៀត។

គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានថវិកាសរុប ១០៧ លានដុល្លារ ក្នុងនោះឥណទានធនាគារពិភពលោកចំនួន ៩៣លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន១៤លានដុល្លារ សហការអនុវត្តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់រយៈពេល ៦ឆ្នាំ ពីខែតុលា ឆ្នាំ២០២០ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្ត គោលដៅដែលមានដីសមស្រប និងនៅទីតាំងចំនួន ៧១ ក្នុងនោះ ២៦ទីតាំង សម្រាប់ការងារសម្បទានដី សង្គមកិច្ច និង ៤៥ទីតាំង សម្រាប់សហគមន៍ជនជាតិដើមភាគតិច មានផ្ទៃដីសរុប ៣០ ០០០ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ជនជាតិដើមភាគតិច ១០ ០០០ហិកតា និងមានអ្នកទទួលផលសរុប ៦ ៥០០គ្រួសារ ក្នុងនោះសហគមន៍ជនជាតិដើមភាគតិច ១ ៥០០គ្រួសារ។

សកម្មភាពរបស់គម្រោងផ្តោតលើការងារ សំខាន់ចំនួន ៥ គឺការងារសម្បទានដីសង្គមកិច្ច, ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច, ការធ្វើផែនការប្រើប្រាស់ដីនៅក្នុងឃុំ, ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់អ្នកទទួលផល៕

pda

Leave a Reply

Your email address will not be published. Required fields are marked *