ក្រសួងអប់រំយុវជននិងកីឡាបានជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្តោះអាសន្នគឺបិទសាលាផ្អាកដំណើរការជាបណ្តោះអាសន្នចំនួន៥ទៀតនៅភ្នំពេញនិងខេត្តកណ្ដាលទាំងរដ្ឋនិងឯកជន។ក្នុងនោះរួមមាន: អនុវិទ្យាល័យឫស្សីជ្រោយ,សាលាបឋមសិក្សាហ៊ុន សែនឫស្សីជ្រោយ ស្រុកស្អាង, អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល, សាលាបឋមសិក្សាកូលាបទី១, និងសាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ។ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀននិងរីករាលដាលក្នុងសហគមន៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។
Related Articles
អ្នកក្រុងកំពតត្រៀមជួបជុំឆ្លងឆ្នាំសកលទោះរដ្ឋបាលខេត្តព្រួយបារម្ភពីការរាតត្បាតជំងឺកូវីដ១៩ក្តី
ខេត្តកំពត៖ទោះបីរដ្ឋបាលខេត្តបានក្រើនរំលឹកថ្នាក់នាំមន្ទីរអង្គភាពអាជ្ញាធរក្រុងស្រុកឱ្យបង្កើនការណែនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋបញ្ចៀសពីការជួបជុំទ្រង់ទ្រាយធំក្តី។តែការត្រៀមលក្ខណៈរបស់អ្នកក្រុងកំពតនៅបរិវេណសួនច្បារឆ្នេរព្រែកកំពង់បាយសម្រាប់ការរាប់វិនាទីថយក្រោយនៃឆ្នាំចាស់ហាក់មានភាពប្រក្រតី។ លោកវ៉ិតវឌ្ឍនានាយករដ្ឋបាលសាលាខេត្តកំពតបានបញ្ជាក់ថា៖ថ្ងៃឆ្លងឆ្នាំសកលឆ្នាំនេះរដ្ឋបាលខេត្តមិនមានកម្មវិធីបង្កើតភាពសប្បាយរីករាយជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋនៅបរិវេណសួនច្បារឆ្នេរព្រែកកំពង់បាយនិងទីសាធារណៈនានាក្នុងក្រុងកំពតដូចឆ្នាំមុនទេ។ កិច្ចប្រជុំមួយដែលបានធ្វើឡើងនាពេលថ្មីៗនេះលោកអភិបាលខេត្តបានរំលឹកថ្នាក់នាំមន្ទីរអង្គភាពអាជ្ញាធរក្រុងស្រុកបង្កើនការណែនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋបញ្ចៀសពីការជួបជុំទ្រង់ទ្រាយធំឱ្យបានដាច់ខាត។និយាយរួមគឺមិនអនុញ្ញាតឱ្យមាការប្រមូលផ្តុំដើម្បីធ្វើពិធីរាប់វិនាទីថយក្រោយ(CountDown)នោះឡើយ។ លោកនាយករដ្ឋបាលបានបន្តថាប្រសិនបើមានប្រជាពលរដ្ឋមកជួបជុំជាលក្ខណៈគ្រួសារនៅតាមសួនច្បារឬទីសាធារណៈនានានោះមន្ត្រីក្នុងដែនសមត្ថកិច្ចត្រូវចុះណែនាំបងប្អូនអនុវត្តឱ្យបាននូវចំណាត់ការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាលដូចជាការលាងសម្អាតដៃ ពាក់ម៉ាស់ការពារ និងរក្សាគម្លាតបុគ្គលជាដើម។ ទោះជាបែបនោះក្តីគេសង្កេតឃើញថាចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៣១ខែធ្នូនេះសកម្មភាពនៃការក្រាលកន្ទេលឬកំណាត់តង់នៅបរិវេណសួនច្បារឆ្នេរព្រែកកំពង់បាយសម្រាប់ការជួបជុំបានធ្វើឡើងជាប្រក្រតីដូចបណ្តាឆ្នាំមុនៗដដែល។ ដោយឡែកនៅតាមដងផ្លូវដែលធ្លាប់កកស្ទះពេលពិធីបុណ្យទានផ្សេងៗ ក៏មានការបង្កើនកម្លាំងសមត្ថកិច្ចនិងរៀបចំកំណត់ផ្លូវសម្រាប់យានយន្តដើម្បីសម្រួលការធ្វើចរាចរផងដែរ។ សូមរំលឹកថា រយៈពេលមួយថ្ងៃដោយគិតចាប់ពីព្រឹកព្រលឹមរហូតដល់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរជិតឆ្ងាយបានមកកម្សាន្តសប្បាយនៅខេត្តកំពត ពិសេសរមណីយដ្ឋានបូកគោ និងក្នុងក្រុងកំពតមានប្រមាណជិត១៣ម៉ឺននាក់៕
កម្ពុជាមានវត្តនៅសេសសត្វក្រពើភ្នំច្រើនជាងគេលើពិភពលោក ខណៈមន្រ្តីបង្ហាញពីការខិតខំអភិរក្សនិងស្តារពូជបន្ថែមទៀត
ខេត្តមណ្ឌលគិរី ៖ មន្រ្តីនៃអង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) បានថ្លែងថា នាពេលបច្ចុប្បន្ននេះកម្ពុជានៅសេសសល់ក្រពើភ្នំដែលជាសត្វដ៏កម្របំផុតនៅលើពិភពលោកចំនួនប្រមាណ២០០-៣០០ក្បាល ហើយក្នុងចំណោមនេះស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញទឹកដីខេត្តកោះកុង និងមួយចំនួនទៀតស្ថិតនៅតាមតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរី។ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសារព័ត៌មានដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅដែនជម្រកសត្វព្រៃស្រែពកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWFបានឱ្យដឹងថា៖ នៅដងទន្លេស្រែពកនិងភ្នំព្រេចខេត្តមណ្ឌលគិរីគេបានប្រទះឃើញដានវត្តមានសត្វក្រពើភ្នំ។ កញ្ញាបានបន្តថា សត្វក្រពើភ្នំជាប្រភេទសត្វដែលអៀនច្រើន ហេតុនេះគេកម្រឃើញវាដោយផ្ទាល់ភ្នែកណាស់។ដោយហេតុនេះដើម្បីដឹងថាវាពិតជាមានវត្តមាននៅកម្ពុជានោះគេចាំបាច់ត្រូវតាមដានពីដានជើង,រូងរបស់វារស់នៅឬក៏លាមករបស់សត្វប្រភេទនេះជាចាំបាច់។យ៉ាងណាក្តីសម្រាប់ស្លាកស្នាមនិងអត្តសញ្ញាណដែលគេដឹងថាសត្វប្រភេទនេះពិតជាមានវត្តមានពិតឬក៏អត់នោះមានភាពងាយស្រួលដោយសារស្លាកស្នាមរបស់វាមានភាពច្បាស់លាស់និងងាយស្រួលចំណាំផង។ កញ្ញា MILOU Groenenbrg បានថ្លែងដែរថា នៅឆ្នាំ២០១៩ គេបានធ្វើការសិក្សាស្រាវជ្រាវពីសត្វក្រពើភ្នំម្តងមកហើយ។ ចំណែកក្នុងឆ្នាំ២០២១នេះគេនឹងធ្វើការ សិក្សាស្រាវជ្រាវឱ្យបានទូលំទូលាយជាងឆ្នាំកន្លងមក។ចំពោះការសិក្សាស្រាវជ្រាវនេះដែរគឺប្រយោជន៍ដើម្បីអភិរក្សក៏ដូចជាស្តារនូវពូជសត្វប្រភេទនេះឱ្យកាន់តែមានច្រើននៅកម្ពុជា។ ចំពោះការសិក្សានាឆ្នាំ២០២១នេះដែរដើម្បីឱ្យបានដឹងច្បាស់លាស់ថាសត្វប្រភេទនេះមានប៉ុន្មានក្បាលហើយវាមានវត្តមាននៅទីណាខ្លះនៅកម្ពុជា។ជាមួយគ្នាក្នុងឆ្នាំនេះដែរអង្គការរបស់WWFនឹងសិក្សាទៅលើកត្តាគំរាមកំហែងរបស់វាផងដែរ។ ទាក់ទិនក្នុងរឿងនេះ កញ្ញា MILOU Groenenbrg បានគូសបញ្ជាក់ថា នៅតំបន់ទន្លេស្រែពកក្នុងទឹកដីខេត្តមណ្ឌលគិរីគឺជាទីកន្លែងល្អនៃជម្រករបស់វាដោយសារមិនទាន់មានមនុស្សចូលទៅរំខានវាដល់ទីនោះនៅឡើយទេ។ កញ្ញាបានបន្តឱ្យដឹងថាចំពោះការប្រឈមនៃសត្វក្រពើភ្នំមានដូចជាការប្រមាញ់យកស្បែក ការនេសាទខុសច្បាប់ ,ការនេសាទដោយខ្សែភ្លើងឆក់និងការរកពងក្រពើភ្នំពីសំណាក់ពលរដ្ឋអ្នកស្រុកជាដើម។ក្រៅពីការបាត់បង់ទីជម្រក ការដែលសត្វក្រពើប្រភេទនេះបង្កាត់ពូជជាមួយសត្វក្រពើដទៃទៀតដែលធ្វើឱ្យពូជរបស់វាលែងសុទ្ធដូចកាលពីមុន។ ជុំវិញបញ្ហាការស្តារសត្វក្រពើភ្នំឡើងវិញនេះដែរ កញ្ញា MILOU Groenenbrg បានបញ្ជាក់ថាបើសិនករណីសត្វប្រភេទនេះស្ថិតនៅក្នុងកម្រិតមួយប្រឈមនឹងការគំរាមកំហែងខ្លាំងនិងពិសេសការឈានដល់បាត់បង់ពូជនោះគេនឹងធ្វើការបង្កាត់ពូជវា រួចហើយយកកូនក្រពើភ្នំទាំងនោះទៅពន្លែងក្នុងតំបន់សុវត្តិភាពដែលវារស់នៅ។ ទាក់ទិនទៅនឹងការស្តារឡើងវិញនៃសត្វប្រភេទនេះដែរគេនឹងធ្វើការជជែកជាមួយថ្នាក់គ្រប់គ្រងអាជ្ញាធរមូលដ្ឋានក៏ដូចជាមន្រ្តីពាក់ព័ន្ធដើម្បីរកភាពច្បាស់លាស់មួយ។សម្រាប់ នៅតំបន់ដងទន្លេស្រែពកគឺជាទីកន្លែងល្អមួយក្នុងការស្តារសត្វប្រភេទនេះ ដោយសារតែវាជាទីតាំងតំបន់ស្នូលដែលជាកន្លែងអភិរក្សដ៏សំខាន់ ហើយក៏ស្ថិតនៅឆ្ងាយពីសហគមន៍ដែលពលរដ្ឋរស់នៅ។ ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានចុះបំពេញទស្សនកិច្ចនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែកពកខេត្តមណ្ឌលគិរីបានថ្លែងថា […]
ជំនន់ទឹកភ្លៀងបណ្តាលឱ្យស្ពានឈើមួយបាក់រលំចូលស្ទឹងសិរីសោភ័ណ
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋបានឱ្យដឹងកាលពីថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ថា៖ស្ពានឈើព្រះពន្លាប្រវែងជិត១០០ម៉ែត្រដែលសាងសង់ឡើងកាលពីឆ្នាំ១៩៩៤បានបាក់រលំស្រុតចូលស្ទឹងសិរីសោភ័ណដោយសារជំនន់ទឹកភ្លៀង។ ស្ពាននេះជាព្រះរាជអំណោយរបស់សម្តេចក្រុមព្រះនរោត្តមរណឬទ្ធិដែលចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងនិងបិទលែងឱ្យឆ្លងកាត់យានយន្តរាប់ទាំងម៉ូតូផងនោះ។ទីបំផុតជំនន់ទឹកភ្លៀងបានទាញបំបាក់ចុះលិចក្នុងទឹកស្ទឹងសិរីសោភ័ណហើយ។ស្ពាននេះស្ថិតនៅក្នុងភូមិ៣និងភូមិព្រៃឬស្សីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ កន្លងមកពលរដ្ឋបានសុំឱ្យមានការជួសជុលតែត្រូវអាជ្ញាធរមិនជួសជុលនោះទេ។ម្យ៉ាងដោយសារវាទ្រុធទ្រោមពេក ទោះជួសជុលក៏ថវិកាច្រើនហើយនៅតែប្រើមិនបាន មិនធានាជួសជុលក៏សឹងប្រហែលនឹងសង់ថ្មីដែរ ។ជាងនេះទៅទៀតនៅខាងជើងនោះជាង៣០០ម៉ែត្រក្រសួងសាធារណការនិងដឹកជញ្ជូនក៏បានសាងសង់ស្ពានថ្មថ្មីជាអំណោយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីហើយដែរ៕